ញូវយ៉ក, ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ – អង្គការសហប្រជាជាតិ (UN) បានធ្វើការអំពាវនាវយ៉ាងខ្លាំងក្លាដល់ប្រទេសឥណ្ឌា និងប៉ាគីស្ថាន ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា ខណៈដែលប្រទេសទាំងពីរដែលមានអាវុធប្រល័យលោកនុយក្លេអ៊ែរនេះ កំពុងប្រឈមមុខនឹងការកើនឡើងនៃភាពតានតឹងយ៉ាងខ្លាំងជុំវិញករណីវាយប្រហារដ៏សាហាវមួយនៅតំបន់កាស្មៀរ។ នេះបើយោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រនេះ។
ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរបានធ្លាក់ចុះទៅក្នុងស្ថានភាពដ៏អាក្រក់មួយជាថ្មីម្តងទៀត បន្ទាប់ពីឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានពីការផ្តល់ការគាំទ្រដល់សកម្មភាពភេរវកម្មឆ្លងដែន។ ការចោទប្រកាន់នេះកើតឡើងក្រោយពីក្រុមខ្មាន់កាំភ្លើង បានប្រព្រឹត្តអំពើហិង្សាដ៏ឃោរឃៅបំផុតមួយលើជនស៊ីវិលនៅក្នុងតំបន់កាស្មៀរដែលកំពុងមានជម្លោះ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ថា “យើងសូមអំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរឱ្យគោរពយ៉ាងខ្ជាប់ខ្ជួននូវការអត់ធ្មត់ខ្ពស់បំផុត និងធានាថាស្ថានភាពបច្ចុប្បន្ននឹងមិនកាន់តែធ្ងន់ធ្ងរឡើងថែមទៀតឡើយ។ យើងជឿជាក់ថាបញ្ហាផ្សេងៗរវាងប៉ាគីស្ថាន និងឥណ្ឌា អាច និងគួរតែត្រូវបានដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី”។
កាលពីថ្ងៃព្រហស្បតិ៍ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានប្តេជ្ញាចិត្តតាមចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង ដែលបានសម្លាប់ជនស៊ីវិលចំនួន ២៦ នាក់នៅតំបន់ទេសចរណ៍ Pahalgam ក្នុងតំបន់កាស្មៀរ។ ការប្តេជ្ញាចិត្តនេះធ្វើឡើងបន្ទាប់ពីប៉ូលិសឥណ្ឌាបានកំណត់អត្តសញ្ញាណជនសង្ស័យឃើញថា ក្នុងចំណោម ខ្មាន់កាំភ្លើងទាំង ៣ នាក់ មាន ២ នាក់ជាជនជាតិប៉ាគីស្ថាន។ ទោះជាយ៉ាងណាក៏ដោយ ប៉ាគីស្ថានបានបដិសេធការជាប់ពាក់ព័ន្ធនឹងករណីនេះ ហើយបានថ្កោលទោសចំពោះការប៉ុនប៉ងភ្ជាប់ទីក្រុងអ៊ីស្លាម៉ាបាដទៅនឹងការវាយប្រហារនោះ ព្រមទាំងបានសន្យាថានឹងឆ្លើយតបទៅនឹងសកម្មភាពណាមួយពីភាគីឥណ្ឌា។ រហូតមកដល់ពេលនេះ ប្រទេសទាំងពីរបានចាត់វិធានការឆ្លើយតបគ្នាទៅវិញទៅមកមួយចំនួនរួចហើយ។
គួររំលឹកថា ឥណ្ឌា និងប៉ាគីស្ថានបានទាមទារសិទ្ធិគ្រប់គ្រងទាំងស្រុងលើតំបន់កាស្មៀរ ដែលជាតំបន់មានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាឥស្លាម ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសទាំងពីរបានត្រួតត្រាតំបន់នេះដោយផ្នែកៗ ចាប់តាំងពីឆ្នាំ ១៩៤៧ មក។ ក្រុមឧទ្ទាមបានធ្វើសកម្មភាពបះបោរនៅក្នុងផ្នែកនៃតំបន់កាស្មៀរដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឥណ្ឌា ចាប់តាំងពីឆ្នាំ ១៩៨៩ ដើម្បីទាមទារឯករាជ្យ ឬការបញ្ចូលទឹកដីទៅក្នុងប្រទេសប៉ាគីស្ថាន។