សាលាឧទ្ធរណ៍រក្សាទោស ១៥ឆ្នាំ លើ ស្រី ស៊ីណា ក្នុងសំណុំរឿងឃាតកម្ម និងបទល្មើសផ្សេងទៀត
ព័ត៌មានជាតិ

សាលាឧទ្ធរណ៍រក្សាទោស ១៥ឆ្នាំ លើ ស្រី ស៊ីណា ក្នុងសំណុំរឿងឃាតកម្ម និងបទល្មើសផ្សេងទៀត

ភ្នំពេញ៖ សាលាឧទ្ធរណ៍ភ្នំពេញបានចេញសាលដីកា កាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយសម្រេចរក្សាសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៣ ដែលពាក់ព័ន្ធនឹងជនជាប់ចោទឈ្មោះ ស្រី ស៊ីណា។ នេះបើយោងតាមការបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។

សាលដីកាបានបញ្ជាក់ពីការផ្តន្ទាទោសលើ ស្រី ស៊ីណា ក្នុងបទល្មើសឃាតកម្ម ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងរំលោភលើលំនៅឋាន។ ក្នុងនោះ សំណុំរឿងទី១ ពាក់ព័ន្ធនឹងបទឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ សាលាឧទ្ធរណ៍បានសម្រេចតម្កល់ទោសដាក់ពន្ធនាគារ ១៥ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ព្រមទាំងបង្គាប់ឱ្យជនជាប់ចោទសងសំណងជំងឺចិត្តចំនួន ១លានដុល្លារអាមេរិក ទៅឪពុកជនរងគ្រោះឈ្មោះ ឃីន កញ្ចនា និង ១លានដុល្លារអាមេរិកទៀត ទៅម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង។

ចំពោះសំណុំរឿងទី២ ពាក់ព័ន្ធនឹងបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ សាលាឧទ្ធរណ៍ក៏បានសម្រេចរក្សាទោសដាក់ពន្ធនាគារ ១៥ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ដដែល។ លើសពីនេះ ស្រី ស៊ីណា ត្រូវបានបង្គាប់ឱ្យសងសំណងជំងឺចិត្ត ៣០ម៉ឺនដុល្លារអាមេរិក ទៅអ្នករងរបួសឈ្មោះ សុខុម ចរណៈ និង ២០ម៉ឺនដុល្លារអាមេរិក ទៅអ្នករងរបួសឈ្មោះ ហុង រិទ្ធារ័ក្ស។

ដោយឡែក សម្រាប់សំណុំរឿងទី៣ ពាក់ព័ន្ធនឹងបទរំលោភលើលំនៅឋាន សាលាឧទ្ធរណ៍បានសម្រេចរក្សាទោសដាក់ពន្ធនាគារ ១ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ព្រមទាំងបង្គាប់ឱ្យ ស្រី ស៊ីណា សងសំណងជំងឺចិត្ត ៥ម៉ឺនដុល្លារអាមេរិក ទៅម្តាយម្ចាស់ផ្ទះឈ្មោះ ជា អញ្ជលី។

សាលដីកាដ៏សំខាន់នេះ បញ្ជាក់ថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញលើករណី ស្រី ស៊ីណា ក្នុងសំណុំរឿងព្រហ្មទណ្ឌទាំងបីនេះ នៅតែមានសុពលភាពដដែល បន្ទាប់ពីមានការប្តឹងឧទ្ធរណ៍។