(កោះកុង)-លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌាក្នុងការងារដោះមីនបានចាប់ផ្តើមតាំងពីឆ្នាំ២០២១ ហើយបានអនុវត្តជាក់ស្តែងក្នុងឆ្នាំ២០២២ តាមរយៈជំនួយរបស់ឥណ្ឌា ក្រោមគម្រោងផ្តល់ផលរហ័ស (Quick Impact Project) ដែលសម្របសម្រួលដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
ស្ថានទូតឥណ្ឌាបានកំណត់យកខេត្តកោះកុងជាអាទិភាពក្នុងការជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតមីន។ រហូតមកដល់ពេលនេះ ឥណ្ឌាបានផ្តល់ជំនួយក្នុងការបោសសម្អាតផ្ទៃដីសរុប ២.៣៩៦.១៣៨ ម៉ែត្រក្រឡានៅក្នុងខេត្តនេះ ដែលការងារខ្លះបានបញ្ចប់ និងខ្លះទៀតកំពុងបន្ត។
លោក លី ធុជ បានបញ្ជាក់ថា ស្រុកបុទុមសាគរ គឺជាស្រុកដំបូងគេក្នុងខេត្តកោះកុងដែលត្រូវបានប្រកាសថាគ្មានមីន ដោយសារជំនួយរបស់ឥណ្ឌាក្នុងការបោសសម្អាតផ្ទៃដីដែលមានមីនចំនួន ១.៤៧៥.០៨៧ ម៉ែត្រក្រឡា ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន ២៣.៥៦០ នាក់។ លោកបានបន្ថែមថា ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង នឹងត្រូវប្រកាសជាតំបន់គ្មានមីនជាបន្តបន្ទាប់ទៀតនៅក្នុងឆ្នាំ២០២៥។
លោកបានថ្លែងអំណរគុណដល់កងកម្លាំងដោះមីននៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) និងប្រតិបត្តិករពាក់ព័ន្ធផ្សេងទៀតចំពោះការលះបង់កម្លាំងកាយចិត្តក្នុងការរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ។ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាចំពោះជំនួយដ៏សំខាន់នេះ និងបានរំលឹកអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងឥណ្ឌាដែលមានប្រវត្តិរាប់ពាន់ឆ្នាំ។
លោក លី ធុជ ក៏បានរំលឹកអំពីគ្រោះថ្នាក់ដែលបណ្តាលមកពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានសម្លាប់ និងធ្វើឱ្យពិការជនស្លូតត្រង់រាប់ម៉ឺននាក់នៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាបានបោសសម្អាតផ្ទៃដីសង្ស័យមានមីនជាង ៣.២៩៧ គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកំទេចមីន និងសំណល់ជាតិផ្ទុះជាង ៤,៥ លានគ្រាប់។ បច្ចុប្បន្នកម្ពុនៅសល់ផ្ទៃដីដែលសង្ស័យមានមីនប្រហែល ១.៦៩៧ គីឡូម៉ែត្រក្រឡាទៀត។ រាជរដ្ឋាភិបាលបានកំណត់គោលដៅបញ្ចប់ការបោសសម្អាតមីនដែលបានកំណត់ទីតាំងច្បាស់លាស់ត្រឹមឆ្នាំ២០៣០ និងតំបន់ដែលមានគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះអាទិភាពត្រឹមឆ្នាំ២០៣៥។
ទោះបីជាស្រុកបុទុមសាគរត្រូវបានប្រកាសជាតំបន់គ្មានមីនក៏ដោយ លោក លី ធុជ បានសង្កត់ធ្ងន់ថា គ្រោះថ្នាក់ពីសំណល់ជាតិផ្ទុះដែលនៅរាយប៉ាយនៅតែមាន ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្តការប្រុងប្រយ័ត្នខ្ពស់។
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោក Vanlalvawna Bawitlung បានថ្លែងថា ជំនួយឥតសំណងនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះសកម្មភាពកំចាត់មីននៅកម្ពុជា ដោយមានគោលបំណងប្រកាសស្រុកចំនួនបី និងឃុំមួយជាតំបន់គ្មានមីន។ លោកក៏បានលើកឡើងអំពីការចូលរួមរបស់ឥណ្ឌាក្នុងការជួយជនរងគ្រោះដោយសារមីន តាមរយៈកម្មវិធីបំពាក់អវយវៈសិប្បនិមិត្តនៅខេត្តបន្ទាយមានជ័យ។



