ភ្នំពេញ៖ ក្រសួងទេសចរណ៍បានបញ្ជាក់កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ថា កម្ពុជានៅតែបន្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើន ជាពិសេសភ្ញៀវមកពីចក្រភពអង់គ្លេស ដែលចាត់ទុកប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅអាស៊ី និងជា “ផ្ទះទីពីរ” របស់ពួកគេ។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យឯកឧត្តម DOMINIC WILLIAMS ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីវិធីសាស្ត្រ និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ គោលដៅសំខាន់គឺការបង្កើតលក្ខខណ្ឌអំណោយផល និងទាក់ទាញកំណើនភ្ញៀវទេសចរពីចក្រភពអង់គ្លេសឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។
ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គោលដៅទេសចរណ៍នានា ការសម្រួលនីតិវិធីធ្វើដំណើរ យុទ្ធសាស្ត្រផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក ជាពិសេសចក្រភពអង់គ្លេស ការលើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាព ការចូលរួមក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ កិច្ចសហការជំរុញការហោះហើរត្រង់រវាងកម្ពុជា និងចក្រភពអង់គ្លេស ការអភិវឌ្ឍបន្ថែមលើអេកូទេសចរណ៍ និងការទាក់ទាញផលិតករភាពយន្តល្បីៗពីចក្រភពអង់គ្លេស និងអន្តរជាតិឱ្យមកថតខ្សែភាពយន្តនៅកម្ពុជា។
ជាលទ្ធផលនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូតបានឯកភាពគ្នាថា វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ កំណើនភ្ញៀវទេសចរពីចក្រភពអង់គ្លេសមកកាន់កម្ពុជាជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដោយសារតែកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អរបស់កម្ពុជា ដែលធ្វើឱ្យកម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពខ្ពស់ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ នៅក្នុងក្រសែភ្នែកភ្ញៀវទេសចរ និងធុរជនអង់គ្លេស ក៏ដូចជាអន្តរជាតិផងដែរ។


