ស្នងការរាជធានី ជំរុញការបង្ក្រាបបទល្មើសឆក់ ផ្តល់រង្វាន់ ២លានរៀល ក្នុងមួយករណី
ព័ត៌មានជាតិ

ស្នងការរាជធានី ជំរុញការបង្ក្រាបបទល្មើសឆក់ ផ្តល់រង្វាន់ ២លានរៀល ក្នុងមួយករណី

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានប្រកាសផ្តល់ប្រាក់លើកទឹកចិត្តយ៉ាងពិសេសចំនួន ២លានរៀល ដល់អធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ នៅក្នុងរាជធានីភ្នំពេញ ដែលមានសមត្ថភាពក្នុងការបង្ក្រាបបានបទល្មើសឆក់យ៉ាងហោចណាស់មួយករណី។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងឱកាសនៃពិធីផ្ទេរ និងតែងតាំងមុខតំណែងអធិការនគរបាលខណ្ឌចំការមន និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសប្រចាំខែមេសា ព្រមទាំងដាក់ចេញទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០២៥។ ពិធីនេះបានប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា។

ក្នុងសុន្ទរកថានោះ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំដល់លោកវរសេនីយ៍ទោ ហួរ ម៉េងហួន ដែលទើបតែងតាំងជាអធិការនគរបាលខណ្ឌចំការមន ឱ្យពង្រឹងការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរឡើង។

ទន្ទឹមនឹងនោះ លោកស្នងការក៏បានណែនាំដល់ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសផ្តោតលើការទប់ស្កាត់បញ្ហាក្មេងទំនើង ការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា លោកវរសេនីយ៍ទោ ហួរ ម៉េងហួន ត្រូវបានតែងតាំងជាអធិការនគរបាលខណ្ឌចំការមន ជំនួសលោកវរសេនីយ៍ឯក យិន សាន ដែលបានចូលនិវត្តន៍។