ភ្នំពេញ — ក្នុងសប្តាហ៍នេះ លោកស្រី Catherine West MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហាអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកស្រី Catherine West បានបន្តដំណើរទស្សនកិច្ចទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល។ អាកាសយានដ្ឋាននេះត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះការរចនាប្រកបដោយភាពច្នៃប្រឌិត និងជាគំរូនៃព្រលានយន្តហោះបៃតង ដែលមានស្ថាបត្យកម្មជាស្នាដៃរបស់ចក្រភពអង់គ្លេស។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាមន្ត្រីជាន់ខ្ពស់មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជំនួបនេះផ្តោតលើការពង្រីកឱកាសពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការជំរុញគំនិតផ្តួចផ្តើមទាក់ទងនឹងអាកាសធាតុ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងសន្តិសុខក្នុងតំបន់។
លោកស្រី Catherine West MP បានមានប្រសាសន៍ថា «ដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃនេះ គឺជាសក្ខីភាពមួយទៀតនៃភាពជាដៃគូដ៏រឹងមាំរវាងចក្រភពអង់គ្លេស និងកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពច្នៃប្រឌិត និងគិតគូរដល់បរិស្ថាននេះ ស័ក្តិសមសម្រាប់អនាគតរបស់កម្ពុជា ហើយត្រូវបានរចនាឡើងដោយក្រុមហ៊ុនអង់គ្លេស ដែលជាសមិទ្ធផលមួយដែលមិននឹកស្មានដល់កាលពីបីទសវត្សរ៍មុន»។
លោកស្រីបានបន្ថែមទៀតថា ទំនាក់ទំនងរវាងកម្ពុជា និងអង់គ្លេសមិនត្រឹមតែផ្តោតលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកទៅគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ រួមមានការពង្រីកពាណិជ្ជកម្មដើម្បីបង្កើតការងារ ការការពារអាកាសធាតុ និងធនធានធម្មជាតិ និងការបង្កើនលទ្ធភាពទទួលបានការអប់រំ។
លោក Krzysztof Szymanski ដែលជាដៃគូសហការនៅក្រុមហ៊ុន Foster and Partners បានថ្លែងដោយមោទនភាពថា «យើងពិតជាមានកិត្តិយសណាស់ដែលបានដឹកនាំការរចនាអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងមួយនឹងក្លាយជាព្រលានយន្តហោះបៃតងដ៏ធំបំផុតមួយក្នុងពិភពលោក»។
លោកបានបន្តថា អាកាសយានដ្ឋាននេះផ្តល់នូវទស្សនវិស័យថ្មីសម្រាប់រាជធានីភ្នំពេញ ដោយទទួលឥទ្ធិពលយ៉ាងស៊ីជម្រៅពីបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា និងឆ្លើយតបយ៉ាងសមស្របទៅនឹងអាកាសធាតុត្រូពិច។ តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយនឹងសិប្បកម្មក្នុងស្រុក ក្រុមហ៊ុនរបស់លោកប្តេជ្ញាបង្កើតហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពខ្ពស់។
លោក Krzysztof Szymanski បានសង្កត់ធ្ងន់ថា គម្រោងនេះមិនត្រឹមតែបង្កើតច្រកផ្លូវថ្មីមួយសម្រាប់ទីក្រុង និងប្រទេសកម្ពុជា លើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់ស្តង់ដារថ្មីសម្រាប់ការរចនាព្រលានយន្តហោះប្រកបដោយនិរន្តរភាពផងដែរ។ លោកចាត់ទុកការចូលរួមចំណែកក្នុងគម្រោងដ៏សំខាន់នេះ ដែលនឹងរៀបចំអនាគតនៃរាជធានីកម្ពុជា គឺជាឯកសិទ្ធិដ៏ធំធេងមួយ។
ក្នុងឱកាសនោះដែរ លោកស្រីរដ្ឋមន្ត្រី West នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ចទៅវិញទៅមក រួមទាំងការគាំទ្រសម្រាប់ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតងផងដែរ។
គំនិតផ្តួចផ្តើមនានាដូចជាកម្មវិធីភាពជាដៃគូពាណិជ្ជកម្ម និងគ្រោងការណ៍ពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដើរតួនាទីសំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនង និងបង្កើតឱកាសរីកចម្រើនសម្រាប់ប្រទេសទាំងពីរ។
គួរបញ្ជាក់ថា លោកស្រីរដ្ឋមន្ត្រី នឹងជួបជាមួយសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា ដើម្បីពិភាក្សាអំពីរបៀបដែលធុរកិច្ចរបស់ចក្រភពអង់គ្លេសកំពុងទាញយកផលប្រយោជន៍ពីគោលនយោបាយទាំងនេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូកម្ពុជាក្នុងវិស័យសំខាន់ៗ រួមមានការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហិរញ្ញវត្ថុ។
លើសពីនេះ លោកស្រី West នឹងធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ De Montfort ក្នុងប្រទេសកម្ពុជា ដែលជាសាខាដំបូងគេនៃសាកលវិទ្យាល័យអង់គ្លេសនៅក្នុងប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីតួនាទីរបស់ចក្រភពអង់គ្លេសក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានជាសាកល និងបង្ហាញពីរបៀបដែលកម្មវិធីរបស់ចក្រភពអង់គ្លេស ដូចជា Biodiverse Landscape Fund កំពុងផ្តល់អំណាចដល់សហគមន៍មូលដ្ឋាន រួមទាំងក្រុមដែលងាយរងគ្រោះ ដើម្បីស្តារ និងអភិរក្សបរិស្ថានក្នុងតំបន់ និងលើកកម្ពស់ជីវភាពរស់នៅ។
ជាពិសេស ដំណើរទស្សនកិច្ចនេះក៏បានលើកឡើងពីកង្វល់ផ្នែកសន្តិសុខរួម រួមទាំងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការដោះស្រាយបញ្ហាការក្លែងបន្លំ និងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការការពារជាតិនាពេលអនាគតផងដែរ។