ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទ ខណៈដែលយន្តហោះកំពុងត្រូវបានគេអូសចេញពីឃ្លាំងនៅលើនាវា USS Harry S. Truman។ នាវាផ្ទុកយន្តហោះបានបង្វិលខ្លួនភ្លាមៗ ដែលបណ្តាលឱ្យត្រាក់ទ័រអូសយន្តហោះបាត់បង់ការគ្រប់គ្រង រួចរុញទាំងយន្តហោះ និងត្រាក់ទ័រធ្លាក់ចេញពីនាវា។ របាយការណ៍ដំបូងបានបង្ហាញថា Truman បានបង្វិលខ្លួនយ៉ាងលឿនដើម្បីគេចពីការវាយប្រហារពីក្រុមឧទ្ទាម Houthi នេះបើតាមប្រភពពី CNN។
ក្រុមឧទ្ទាម Houthi ក៏បានអះអាងកាលពីថ្ងៃចន្ទថា ពួកគេបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចទៅលើនាវាផ្ទុកយន្តហោះអាមេរិកាំងនេះ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail។
ទោះបីជាយន្តហោះចម្បាំងដ៏មានតម្លៃត្រូវបានបាត់បង់ក៏ដោយ អ្នកបើកយន្តហោះ និងនាវិកកងទ័ពជើងទឹកដែលបើកត្រាក់ទ័រ បានលោតចេញទាន់ពេលវេលា ដោយមានតែម្នាក់ប៉ុណ្ណោះរងរបួសស្រាល។
កងនាវាចរបានបញ្ជាក់ថា “នាវិកនៅលើនាវាបានចាត់វិធានការភ្លាមៗដើម្បីធានាថា គ្មាននរណាម្នាក់រងគ្រោះថ្នាក់មុនពេលយន្តហោះធ្លាក់ពីលើនាវា។ ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីកាលៈទេសៈពិតប្រាកដនៃហេតុការណ៍នេះ”។
នាវាផ្ទុកយន្តហោះ USS Truman ស្ថិតនៅក្នុងសមុទ្រក្រហមដើម្បីការពារនាវាដឹកទំនិញពាណិជ្ជកម្មនៅក្នុងតំបន់ ដែលជាញឹកញាប់ត្រូវបានរងការគំរាមកំហែងពីក្រុមភេរវករដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន។ អ្នកនាំពាក្យកងទ័ពជើងទឹកបានប្រាប់ CNN ថា ក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះ និងស្លាបយន្តហោះរបស់ខ្លួន “នៅតែមានសមត្ថភាពប្រតិបត្តិការពេញលេញ” បើទោះបីជាមានការបាត់បង់យន្តហោះមួយគ្រឿងក៏ដោយ។
នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ដូចជា Truman ជាធម្មតាអាចផ្ទុកយន្តហោះចម្បាំងចន្លោះពី ៣៦ ទៅ ៤៨គ្រឿង ទោះបីជាសមត្ថភាពអតិបរមារបស់វាអាចឡើងដល់ ១៣០គ្រឿងក៏ដោយ។

