ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះវត្តមានរបស់ក្រុមហ៊ុន BYD Cambodia ដោយជឿជាក់ថាក្រុមហ៊ុននេះនឹងដើរតួនាទីជាគំរូ និងជាកម្លាំងចលករក្នុងការទាក់ទាញក្រុមហ៊ុនធំៗមកពីប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត ឱ្យមកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសនៃពិធីបើកការដ្ឋានសាងសង់រោងចក្រ យានយន្តរបស់ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក (BYD CAMBODIA CO., LTD.) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
ក្នុងពិធីនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន BYD ពិចារណាលើការទាក់ទាញរោងចក្រដែលជាផ្នែកនៃខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន មកវិនិយោគបន្ថែមទៀតនៅកម្ពុជា។ លើសពីនេះ លោកបានលើកទឹកចិត្តវិនិយោគិនទាំងអស់ឱ្យបន្តផ្សព្វផ្សាយព័ត៌មានល្អៗអំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនដទៃទៀត ដើម្បីទាក់ទាញការវិនិយោគបន្ថែម ដែលនឹងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យ BYD Cambodia ជួយផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសថ្មីៗក្នុងវិស័យយានយន្តអគ្គិសនីដល់បុគ្គលិករបស់ខ្លួន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលជំនាញបច្ចេកទេសរថយន្តដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោកបានបន្ថែមទៀតថា លោកមានជំនឿយ៉ាងមុតមាំថា ការវិនិយោគសាងសង់រោងចក្រ ប្រភេទ CKD របស់ BYD នៅដំណាក់កាលទី១ នឹងទទួលបានជោគជ័យ ហើយក៏សង្ឃឹមថាក្រុមហ៊ុននឹងពិចារណាពង្រីកការវិនិយោគលើដំណាក់កាលបន្ទាប់ទៀត សម្រាប់រោងចក្ររថយន្តប្រភេទ IKD ដើម្បីផលិតគ្រឿងបង្គុំមួយចំនួននៅកម្ពុជា សម្រាប់នាំចេញផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្មជាមួយរោងចក្រ BYD នៅប្រទេសថៃ (Thailand Plus One) នាពេលអនាគតដ៏ខ្លីខាងមុខ។
គួរឱ្យដឹងថា ក្រុមហ៊ុន BYD នឹងបោះទុនវិនិយោគប្រមាណ ៣២លានដុល្លារអាមេរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំយានយន្តប្រភេទ CKD សម្រាប់រថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីចម្រុះ (PHEV) ដែលរោងចក្រនេះមានសមត្ថភាព ផលិតរថយន្តប្រមាណ ១០,០០០គ្រឿងក្នុងមួយឆ្នាំ ទៅតាមដំណាក់កាល។ រោងចក្រនេះសាងសង់លើផ្ទៃដីប្រមាណ ១២ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើរការផលិតកម្ម ផលិតរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជានៅដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។