Vancouver, កាណាដា: មនុស្សជាច្រើននាក់បានបាត់បង់ជីវិត និងអ្នកផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍ដ៏រន្ធត់មួយ ដោយរថយន្តមួយគ្រឿងបានបើកបុកហ្វូងមនុស្សដែលកំពុងប្រារព្ធពិធីបុណ្យតាមដងផ្លូវក្នុងទីក្រុង Vancouver ប្រទេសកាណាដា កាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា (ម៉ោងក្នុងស្រុក)។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយប៉ូលិសកាណាដា និងដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមរយៈសារបង្ហោះនៅលើបណ្តាញសង្គម X ប៉ូលិសទីក្រុង Vancouver បានសរសេរថា «មានមនុស្សជាច្រើននាក់បានស្លាប់ និងមួយចំនួនទៀតបានរងរបួស»។ ហេតុការណ៍រថយន្តបុកមនុស្សនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៨ យប់ (ម៉ោងក្នុងស្រុក) ខណៈដែលសហគមន៍ហ្វីលីពីននៅក្នុងប្រទេសកាណាដាកំពុងរៀបចំពិធីបុណ្យមួយឈ្មោះថា Lapu Lapu Day ដើម្បីរំលឹកដល់អតីតមេដឹកនាំដែលបានប្រឆាំងនឹងអាណានិគមរបស់ហ្វីលីពីន។
ប៉ូលិសកាណាដាបានឱ្យដឹងថា អ្នកបើកបររថយន្តបង្កហេតុត្រូវបានចាប់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតបន្ថែមទៀតអំពីករណីនេះនៅមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ។ អាជ្ញាធរកំពុងបន្តការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុ និងកាលៈទេសៈនៃសោកនាដកម្មនេះ។