កៀវ, ថ្ងៃទី ២៥ ខែមេសា – នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ អភិបាលក្រុងកៀវ លោក Vitali Klitschko បានថ្លែងថា ប្រទេសអ៊ុយក្រែនអាចនឹងត្រូវសម្រេចចិត្តលះបង់ផ្នែកខ្លះនៃទឹកដីរបស់ខ្លួន ដើម្បីអាចឈានទៅរកសន្តិភាពជាមួយរុស្ស៊ី។ នេះបើយោងតាមការដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AFP។
លោកអភិបាលក្រុងបានគូសបញ្ជាក់ថា «សេណារីយ៉ូមួយដែលអាចកើតមាន គឺការបាត់បង់ទឹកដី។ ទោះបីជាវាមិនយុត្តិធម៌ក៏ដោយ ប៉ុន្តែសម្រាប់ជាថ្នូរនឹងសន្តិភាព ឬសន្តិភាពក្នុងរយៈពេលខ្លី វាប្រហែលជាដំណោះស្រាយមួយ… ជាបណ្តោះអាសន្ន»។ ការលើកឡើងបែបនេះរបស់លោក Klitschko គឺបន្ទាប់ពីមានការវាយប្រហារយ៉ាងខ្លាំងក្លាដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់ស្លាប់ និងជាង ៨០ នាក់ផ្សេងទៀតរងរបួសនៅក្នុងទីក្រុងរបស់លោក។
លោក Klitschko បានប្រាប់ BBC ថា ក្នុងនាមជាអ្នកទទួលខុសត្រូវចំពោះរដ្ឋធានីអ៊ុយក្រែន លោកយល់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រហែលជាត្រូវពិចារណាលើ «ដំណោះស្រាយដ៏លំបាកមួយ» ដើម្បីសម្រេចបាននូវសន្តិភាព។ ទោះជាយ៉ាងណា លោក Klitschko ក៏បានបន្ថែមទៀតថា ប្រជាជនអ៊ុយក្រែននឹងមិនយល់ព្រមរស់នៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីឡើយ។
គួរឱ្យដឹងផងដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យអ៊ុយក្រែន និងរុស្ស៊ី ព្រមព្រៀងលើកិច្ចសហប្រតិបត្តិការមួយ។ យោងតាមរបាយការណ៍ថ្មីៗនេះ ការបន្ធូរបន្ថយលើបញ្ហាទឹកដី រួមទាំងការទទួលស្គាល់របស់សហរដ្ឋអាមេរិកចំពោះការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់គ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលពីអ៊ុយក្រែនដោយខុសច្បាប់កាលពីឆ្នាំ ២០១៤ ត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃសំណើរបស់លោក។ រុស្ស៊ីបានចាប់ផ្តើមការឈ្លានពានលើអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ហើយបច្ចុប្បន្នកំពុងគ្រប់គ្រងប្រហែល ២០ ភាគរយនៃទឹកដីអ៊ុយក្រែន។