យោងតាមការរាយការណ៍ពីសារព័ត៌មាន The Strait Times នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ វៀតណាម និងសហរដ្ឋអាមេរិកបានចាប់ផ្តើមដំណើការពិភាក្សាជាផ្លូវការលើបញ្ហាពន្ធគយដែលអាមេរិកគ្រោងនឹងដាក់លើទំនិញនាំចូលពីវៀតណាម។
គួរឱ្យដឹងថា ការអនុវត្តច្បាប់ពន្ធគយថ្មីដែលប្រកាសដោយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ វៀតណាមអាចនឹងត្រូវបង់ពន្ធលើទំនិញរបស់ខ្លួនរហូតដល់ ៤៦%។ ប្រភពដដែលបានឱ្យដឹងទៀតថា កិច្ចចរចាជាផ្លូវការនេះបានធ្វើឡើងតាមរយៈការទូរស័ព្ទផ្ទាល់ពីលោក ង្វៀន ហុង ឌៀន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម ទៅកាន់លោក ចាមីសុន គ្រីយើរ អ្នកតំណាងពាណិជ្ជកម្មអាមេរិក។ ស្របពេលជាមួយគ្នានោះ វៀតណាមក៏បានព្រមព្រៀងទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 Max ចំនួន ៥០គ្រឿងពីសហរដ្ឋអាមេរិកផងដែរ។
គួរកត់សម្គាល់ថា អាមេរិកគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ទំនិញវៀតណាម បន្ទាប់ពីទីផ្សារចិន និងម៉ិកស៊ិកូ។ ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងអាមេរិកកាលពីពេលកន្លងមកមានទំហំទឹកប្រាក់សរុប ១២៣,៥ ពាន់លានដុល្លារ។