(មូស្គូ): វិមានក្រឹមឡាំងបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ថា បច្ចុប្បន្នរុស្ស៊ីមិនមានការពិភាក្សាណាមួយជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបស្ដីពីការផ្គត់ផ្គង់ឧស្ម័នតាមរយៈប្រទេសអ៊ុយក្រែននោះទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា បញ្ហានេះគឺជាកិច្ចការពាណិជ្ជកម្ម រវាងអ្នកលក់ និងអ្នកទិញ។ លោកថ្លែងថា៖ «បើអ្នកទិញបង្ហាញចំណាប់អារម្មណ៍ ហើយផ្លូវបញ្ជូនមានសុវត្ថិភាព អ្នកលក់ក៏ត្រៀមខ្លួនពិភាក្សា។ មិនមានការបដិសេធទេ»។
សេចក្តីថ្លែងការណ៍នេះមកក្រោយរបាយការណ៍ថា សហរដ្ឋអាមេរិកបានស្នើឱ្យសាជីវកម្មអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួនចូលរួមគ្រប់គ្រងបំពង់ឧស្ម័នរបស់ក្រុមហ៊ុន Gazprom តាមរយៈអ៊ុយក្រែន ដែលជាផ្នែកមួយនៃកិច្ចពិភាក្សាសន្តិភាព។
បច្ចុប្បន្ន បំពង់ឧស្ម័នរុស្ស៊ីមួយគត់ដែលនៅដំណើរការជាទៀងទាត់ទៅអឺរ៉ុបគឺ TurkStream តាមសមុទ្រខ្មៅ។
ក្នុងសមោសន៍ជាមួយទស្សនាវដ្តីបារាំង Le Point កាលពីថ្ងៃពុធ លោក Peskov បន្ថែមថា Gazprom ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ឡើងវិញ ដោយមានប្រទេសមួយចំនួននៅអឺរ៉ុបបន្តបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញឧស្ម័នរុស្ស៊ី។ ទាំងនេះនឹងត្រូវដោះស្រាយតាមលក្ខណៈពាណិជ្ជកម្ម។
គួរបញ្ជាក់ថា ការនាំចេញឧស្ម័នរុស្ស៊ីទៅអឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងនៅដើមឆ្នាំ ២០២២ ហើយបន្ទាប់ពីការផ្ទុះបំពង់ Nord Stream។ ការផ្គត់ផ្គង់តាមរយៈអ៊ុយក្រែនក៏បានធ្លាក់ចុះ ដោយសារតែកិច្ចព្រមព្រៀងបញ្ចប់ ហើយអ៊ុយក្រែនបដិសេធមិនបន្តទៀតដោយសារបញ្ហាសង្គ្រាម៕
អន្តរជាតិ
រុស្ស៊ីបង្ហាញថាមិនពិភាក្សាជាមួយអាមេរិក និងអឺរ៉ុបអំពីការផ្គត់ផ្គង់ឧស្ម័នតាមអ៊ុយក្រែនទេ
- by dara him
- April 24, 2025
- 34 Views
- 6 days ago