
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ប្រទេសថៃ ដែលគេស្គាល់ថាជាយន្តការ «ប្រទេសប្រាំមួយ គោលដៅតែមួយ» ដោយមានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់។ ការគាំទ្រនេះកើតឡើងស្របពេលដែលកម្ពុជា និងថៃកំពុងជំរុញយន្តការ «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»។
ការគាំទ្រនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់លោកស្រី ផែថងតាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា ដែលបានបញ្ចប់នៅថ្ងៃទី២៤ ខែមេសា។ ក្នុងអំឡុងពេលនោះ លោកស្រីបានជួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា និងបានចូលគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការគាំទ្រចំពោះយន្តការ «ប្រទេសប្រាំមួយ គោលដៅតែមួយ» ដោយសង្ឃឹមថានឹងជំរុញវិស័យទេសចរណ៍ក្នុងតំបន់ និងពង្រឹងអាស៊ីអាគ្នេយ៍ឱ្យក្លាយជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់។
ទោះជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ច្បាស់លាស់ថាតើកម្ពុជានឹងចូលរួមក្នុងគំនិតផ្ដួចផ្ដើមនេះឬយ៉ាងណានោះទេ។ ប៉ុន្តែសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ចំពោះកំណើននៃចំនួនភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ បន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញយន្តការ «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»។
គួរបញ្ជាក់ថា នៅឆ្នាំ២០២៤ ភ្ញៀវទេសចរថៃគឺជាភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេដែលមកទស្សនាកម្ពុជា ដោយមានចំនួនជាង ២លាននាក់។
កាលពីខែតុលា ឆ្នាំ២០២៤ ប្រទេសថៃបានស្នើឱ្យកម្ពុជាចូលរួមក្នុងគំនិតផ្ដួចផ្ដើម «ប្រទេសប្រាំមួយ គោលដៅតែមួយ» ដែលជាយន្តការលើកលែងទិដ្ឋាការសម្រាប់ប្រទេសចំនួន ៦ នៅក្នុងតំបន់ រួមមាន ថៃ កម្ពុជា វៀតណាម ឡាវ ប្រ៊ុយណេ និងម៉ាឡេស៊ី។ នៅពេលនោះ កម្ពុជាមិនបានសម្រេចចិត្តចូលរួមភ្លាមៗទេ ដោយត្រូវការពេលវេលាដើម្បីសិក្សាអំពីគំនិតផ្ដួចផ្ដើមនេះឱ្យបានច្បាស់លាស់ ទោះបីជាបានមើលឃើញពីផលប្រយោជន៍ដែលអាចទទួលបានក៏ដោយ។
អ្នកជំនាញផ្នែកទេសចរណ៍បានលើកឡើងថា ការចូលរួមជាមួយគំនិតផ្ដួចផ្ដើមនានាគឺជាការល្អ ដរាបណាប្រទេសដែលចូលរួមនោះមានភាពវៃឆ្លាត និងមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ប្រទេសរបស់ខ្លួន បើមិនដូច្នោះទេ អាចគ្រាន់តែជាការដើរតាមប្រទេសដែលខ្លាំងជាងប៉ុណ្ណោះ ដូចជាថៃជាដើម។