រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបុណ្យវិសាខបូជានៅខែឧសភា ឆ្នាំ ២០២៥
ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបុណ្យវិសាខបូជានៅខែឧសភា ឆ្នាំ ២០២៥

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ អំពីការរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ និងទី១២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

បុណ្យវិសាខបូជាត្រូវបានចាត់ទុកជាបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា។ ពុទ្ធសាសនិកជនទូទាំងពិភពលោក មិនថាជាបព្វជិត ឬគ្រហស្ថ តែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ខួបអនុស្សាវរីយ៍ដ៏វិសេសវិសាលចំនួនបីរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ គឺថ្ងៃដែលព្រះអង្គប្រសូត ថ្ងៃដែលព្រះអង្គបានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ និងថ្ងៃដែលព្រះអង្គចូលបរិនិព្វាន។ ជារៀងរាល់ឆ្នាំ ពុទ្ធបរិស័ទខ្មែរតែងតែប្រារព្ធពិធីបុណ្យនេះនៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដោយចាត់ទុកថាជាឱកាសដ៏ឧត្ដមសម្រាប់ការសាងបុណ្យកុសល។

សម្រាប់ឆ្នាំនេះ ពិធីបុណ្យវិសាខបូជានឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃអាទិត្យ ១៥កើត និងថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ដែលត្រូវនឹងថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។

យោងតាមផែនការណែនាំលេខ ០៤/២០២៥ គជបក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីឱ្យពិធីបុណ្យដ៏មង្គលនេះប្រព្រឹត្តទៅដោយភាពអធិកអធម និងស្របតាមខ្លឹមសារនៃបុណ្យ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួនដល់រដ្ឋបាលខណ្ឌទាំង១៤ ដើម្បីចូលរួមរៀបចំពិធីនេះឱ្យបានល្អប្រសើរ។

Leave a Reply

Your email address will not be published. Required fields are marked *