
ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌកំបូលបានចាត់វិធានការអប់រំសិស្សានុសិស្សចំនួន ៥ នាក់ (ស្រី ៤ នាក់) បន្ទាប់ពីពួកគេត្រូវបានរកឃើញប្រមូលផ្តុំគ្នាមិនបានចូលសាលានៅវេលាម៉ោង ៥:៣០ នាទីល្ងាច ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ ក្នុងតំបន់បុរីឡេងណាវ៉ាត់ត្រា ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋានដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ក្នុងពេលល្បាតនោះ ពួកគេបានប្រទះឃើញសិស្សានុសិស្សទាំង ៥ នាក់កំពុងអង្គុយនៅក្នុងកញ្ចុះដីឡូតិ៍នៃបុរីឡេងណាវ៉ាត់ត្រា ព្រមទាំងម៉ូតូចំនួន ៣ គ្រឿងនៅក្បែរនោះផងដែរ។ ភ្លាមៗនោះ សមត្ថកិច្ចបាននាំពួកគេទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូលដើម្បីធ្វើការអប់រំណែនាំ។
បន្ទាប់ពីធ្វើការអប់រំណែនាំរួច សមត្ថកិច្ចបានទាក់ទងអាណាព្យាបាលរបស់សិស្សានុសិស្សទាំងនោះឱ្យមកធានា ដើម្បីនាំពួកគេត្រឡប់ទៅផ្ទះវិញ និងបន្តការអប់រំនៅទីនោះ។