សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី
ព័ត៌មានជាតិ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី

ភ្នំពេញ៖ រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍នាយឧត្តមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី សម្រាប់ការជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅវិមានសន្តិភាព។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍មេបញ្ជាការបានកោតសរសើរចំពោះការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។ លោកបានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី កម្ពុជានឹងបន្តដំណើរឆ្ពោះទៅមុខ ហើយវិស័យកងទ័ពក៏នឹងមានការរីកចម្រើនស្របតាមការអភិវឌ្ឍន៍ទាំងនោះផងដែរ។

លោកមេបញ្ជាការបានរាយការណ៍ជូនសម្ដេចមហាបវរធិបតីអំពីលទ្ធផលដ៏មានផ្លែផ្កានៃកិច្ចពិភាក្សាការងាររបស់លោកជាមួយថ្នាក់ដឹកនាំកងទ័ពកម្ពុជា និងបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងម៉ាឡេស៊ី និងកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

លោកមេបញ្ជាការក៏បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការហ្វឹកហ្វឺនរួមគ្នា និងការសិក្សារៀនសូត្រទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកក៏បានគូសបញ្ជាក់ផងដែរថា កងទ័ពម៉ាឡេស៊ីមានបំណងចង់ស្វែងយល់ពីបទពិសោធន៍ជោគជ័យរបស់កម្ពុជាក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការបោសសម្អាតមីន។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតីបានសម្តែងនូវសេចក្តីរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានបង្ហាញការជឿជាក់ថា លទ្ធផលនៃកិច្ចពិភាក្សាការងាររវាងថ្នាក់ដឹកនាំកងទ័ពនឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ជាពិសេសលើការបណ្តុះបណ្តាលរួមគ្នា លំហាត់សមយុទ្ធស្តីពីការសង្គ្រោះគ្រោះមហន្តរាយ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងការចែករំលែកបទពិសោធន៍ជោគជ័យនានា ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពឱ្យកាន់តែជិតស្និទ្ធថែមទៀត។

សម្ដេចមហាបវរធិបតីក៏បានគូសបញ្ជាក់អំពីការកែទម្រង់សាលាហ្វឹកហ្វឺនកងទ័ពនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ។

Leave a Reply

Your email address will not be published. Required fields are marked *