ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានទទូចថា តំបន់ Crimea ត្រូវតែបញ្ចូលក្នុងការចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដែលបានបញ្ចូលឧបទ្វីបនេះជាផ្នែកនៃទឹកដីរបស់ខ្លួនតាំងពីឆ្នាំ២០១៤។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញជំហរផ្ទុយគ្នា ដោយលើកឡើងថាតំបន់ Crimea មិនគួរពាក់ព័ន្ធក្នុងការចរចាសន្តិភាពនេះទេ។
នៅលើបណ្តាញសង្គម Truth របស់លោក ត្រាំ បានសរសេររិះគន់លោក Zelensky ចំពោះការទទូចលើតំបន់ Crimea ក្នុងការចរចា ដោយចាត់ទុកទង្វើនេះថាជា “សេចក្តីថ្លែងការណ៍បញ្ឆេះកម្តៅ” ដែលនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនៅអ៊ុយក្រែនកាន់តែស្មុគស្មាញ។ លោក ត្រាំ បានចោទសួរពីមូលហេតុដែលអ៊ុយក្រែនមិនបានចាត់វិធានការយោធាដើម្បីការពារ ឬដណ្តើមយក Crimea មកវិញក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ លោកបានព្រមានថា ប្រសិនបើបញ្ហាតំបន់ Crimea នៅតែត្រូវបានលើកឡើងក្នុងការចរចា សង្គ្រាមអាចនឹងអូសបន្លាយពេលរហូតដល់បីឆ្នាំទៀត។
ទន្ទឹមនឹងនេះ លោក Zelensky បានឆ្លើយតបដោយបានបង្ហោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកកាលពីឆ្នាំ២០១៨ ដែលសង្កត់ធ្ងន់លើគោលការណ៍អន្តរជាតិដែលមិនអនុញ្ញាតឱ្យមានការផ្លាស់ប្តូរព្រំដែនដោយកម្លាំងយោធា។ ទោះជាយ៉ាងណាក៏ដោយ ភាពខ្វែងគំនិតគ្នារវាងមេដឹកនាំទាំងពីរលើបញ្ហាសំខាន់នេះ បានធ្វើឱ្យច្រកចេញពីសង្គ្រាមនៅអ៊ុយក្រែនហាក់នៅឆ្ងាយពីការពិតនៅឡើយ។