ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យអនុវត្តវិធានការថ្មី សម្រាប់ការនាំចេញទំនិញមួយចំនួនទៅអាមេរិក
ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យអនុវត្តវិធានការថ្មី សម្រាប់ការនាំចេញទំនិញមួយចំនួនទៅអាមេរិក

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងនៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដោយប្រកាសអំពីការដាក់ចេញវិធានការថ្មីមួយចំនួនដែលនឹងគ្រប់គ្រងការនាំចេញទំនិញជាក់លាក់ពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

សេចក្តីជូនដំណឹងបានណែនាំដល់ក្រុមហ៊ុនផលិត និងអ្នកនាំចេញទាំងអស់ដែលកំពុងធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកឱ្យបានជ្រាបថា ប្រកាសអន្តរក្រសួងស្តីពីគោលការណ៍ទប់ស្កាត់ការក្លែងបន្លំប្រភពដើមទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់អាមេរិក និងប្រកាសស្តីពីបែបបទនៃការស្នើសុំ និងការផ្តល់លិខិតបញ្ជាក់ប្រភពដើមទំនិញ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ តទៅ។

វិធានការថ្មីទាំងនេះត្រូវបានដាក់ចេញក្នុងគោលបំណងចម្បងគឺដើម្បីពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់ការបន្លំប្រភពដើមទំនិញ ក៏ដូចជាលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីប្រភពដើមទំនិញឱ្យមានតម្លាភាព និងយុត្តិធម៌សម្រាប់ការនាំចេញទំនិញមួយចំនួនពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ ក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់ផងដែរថា អ្នកផលិត និងអ្នកនាំចេញនឹងមិនត្រូវបង់ថ្លៃសេវាណាមួយសម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រភពដើមទំនិញនេះឡើយ។

សេចក្តីប្រកាសទាំងពីរនេះ រួមទាំងឯកសារផ្លូវច្បាប់ពាក់ព័ន្ធ អាចទាញយកបានតាមរយៈ QR Code ដែលបានផ្តល់ជូន។ សម្រាប់ព័ត៌មានបន្ថែម ឬការសាកសួរនានា ក្រសួងពាណិជ្ជកម្មបានផ្តល់បណ្តាញទូរស័ព្ទទំនាក់ទំនងតាមរយៈលេខ ១២៦។