(អាំស្ទែដាំ)៖ អ៊ីស្រាអែលកំពុងស្ថិតក្នុងស្ថានភាពដែលអាចប្រឈមនឹងការចោទប្រកាន់ពីបទរំលោភច្បាប់អន្តរជាតិ ដោយសារតែការហាមឃាត់ជំនួយមនុស្សធម៌មិនឱ្យទៅដល់តំបន់ហ្កាហ្សា។ បញ្ហានេះនឹងក្លាយជាប្រធានបទសំខាន់នៅក្នុងសវនាការរយៈពេលមួយសប្តាហ៍នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ ២០២៥ ដោយមានប្រទេសជាច្រើនត្រៀមដាក់ចេញនូវទឡ្ហីករណ៍របស់ពួកគេ។ ព័ត៌មាននេះត្រូវបានដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters។
របាយការណ៍បានបង្ហាញថា ចាប់តាំងពីថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៥ មក អ៊ីស្រាអែលបានបញ្ឈប់ទាំងស្រុងនូវការផ្គត់ផ្គង់ចាំបាច់នានាសម្រាប់ប្រជាជនប្រមាណ ២.៣លាននាក់នៅក្នុងតំបន់ហ្កាហ្សា។ ស្បៀងអាហារដែលត្រូវបានស្តុកទុកក្នុងអំឡុងពេលបទឈប់បាញ់កាលពីខែមករា ក៏ត្រូវបានប្រើប្រាស់អស់ហើយ។ ជំហររបស់អ៊ីស្រាអែលគឺថា ពួកគេនឹងមិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាឡើយ រហូតទាល់តែក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងទាំងអស់ដែលកំពុងនៅសេសសល់។
អ្នកតំណាងប៉ាឡេស្ទីននឹងចូលរួមជាមួយតំណាងប្រទេសផ្សេងទៀតក្នុងការថ្លែងសក្ខីកម្មនៅ ICJ នៅថ្ងៃចន្ទ។ សហរដ្ឋអាមេរិកក៏នឹងបង្ហាញទស្សនៈរបស់ខ្លួននៅថ្ងៃពុធផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលមិនស្ថិតក្នុងចំណោមប្រទេសប្រហែល ៤០ ដែលនឹងថ្លែងក្នុងអំឡុងពេលសវនាការ ៥ ថ្ងៃ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃសុក្រនោះទេ។
មតិយោបល់របស់ ICJ ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក មានឥទ្ធិពលផ្នែកច្បាប់ និងនយោបាយ ទោះបីជាសេចក្តីសម្រេចរបស់តុលាការមិនមានកាតព្វកិច្ចអនុវត្តតាម និងតុលាការគ្មានអំណាចក្នុងការបង្ខិតបង្ខំក៏ដោយ។ បន្ទាប់ពីការស្តាប់សក្ខីកម្ម ICJ ទំនងជានឹងត្រូវការពេលវេលាច្រើនខែដើម្បីឈានទៅដល់ការសម្រេចចិត្តចុងក្រោយ។
គួររំលឹកថា ច្បាប់មនុស្សធម៌អន្តរជាតិបានចែងយ៉ាងច្បាស់ថា រាល់ភាគីដែលគ្រប់គ្រងទឹកដីណាមួយត្រូវតែសម្របសម្រួលដល់ការផ្តល់ជំនួយជាចាំបាច់ ដល់ប្រជាជនដែលកំពុងត្រូវការ រួមទាំងការធានាបាននូវស្បៀងអាហារ ការថែទាំសុខភាព អនាម័យ និងកម្រិតសុខភាពសាធារណៈសមស្រប។

