
នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន ៣គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ នាវាទាំងនោះដឹកនាំដោយលោកវរនាវីឯក Aleksei Antsiferov នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក នៃកងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី។
នាវាទាំង ៣គ្រឿងនេះ មាននាវិកសរុបចំនួន ២៦២នាក់ ហើយគ្រោងនឹងស្នាក់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា។ ក្នុងអំឡុងពេលស្នាក់នៅ ក្រុមនាវិករុស្ស៊ីក៏នឹងមានកម្មវិធីលេងកីឡាមិត្តភាព ដូចជាបាល់ទះ និងបាល់ទាត់ ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។
ស្របពេលជាមួយគ្នានោះដែរ នាវាចម្បាំងកងទ័ពជើងទឹកប្រជាជនវៀតណាម ១គ្រឿង មានលេខ ២៦១ ក៏បានចូលចតនៅកំពង់ផែរាម កាលពីរសៀលថ្ងៃទី២៧ ខែមេសា។ នាវាដែលមាននាវិក ៣៧នាក់នេះ ដឹកនាំដោយវរនាវីឯក បំរ៉ុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានតំបន់៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម។
ការចូលចតនៃនាវាវៀតណាមនេះ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៥ នៅមូលដ្ឋានសមុទ្ររាម ជាមួយកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមេសានេះ។ ដំណើរទស្សនកិច្ចរបស់នាវាវៀតណាមនឹងមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា។
នាវារបស់វៀតណាម គឺជានាវាបរទេសទី២ ដែលត្រូវបានអនុញ្ញាតឱ្យចូលចតនៅផែនៃមូលដ្ឋានសមុទ្ររាម បន្ទាប់ពីកំពង់ផែរាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៥ ខែមេសា។ កាលពីសប្តាហ៍មុន នាវានៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនចំនួនពីរគ្រឿងក៏បានចាកចេញពីកំពង់ផែដែលទទួលបានជំនួយពីចិនសម្រាប់ការធ្វើទំនើបកម្មផងដែរ។ ជុំវិញបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះការស្នើសុំចូលចតនាវា និងកិច្ចសហប្រតិបត្តិការពីគ្រប់ប្រទេសទាំងអស់។

