ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកជឿជាក់ថាមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចនឹងពិចារណាលើការបោះបង់ចោលតំបន់គ្រីមៀ។ ការកត់សម្គាល់នេះត្រូវបានធ្វើឡើងដោយលោក ត្រាំ នៅក្នុងការជួបជុំជាមួយអ្នកសារព័ត៌មាននៅរដ្ឋ New Jersey។
នៅពេលដែលអ្នកសារព័ត៌មានសួរថាតើលោកគិតថា លោក ហ្សេលេនស្គី ត្រៀមខ្លួនរួចរាល់ដើម្បីបោះបង់គ្រីមៀឬទេ លោក ត្រាំ បានឆ្លើយយ៉ាងខ្លីថា “ពិតណាស់ ខ្ញុំគិតដូច្នោះ”។ គួររំលឹកថា រុស្ស៊ីបានបញ្ចូលតំបន់គ្រីមៀទៅក្នុងទឹកដីរបស់ខ្លួនតាំងពីឆ្នាំ ២០១៤ ប៉ុន្តែសហគមន៍អន្តរជាតិភាគច្រើននៅតែចាត់ទុកឧបទ្វីបនេះជាផ្នែកមួយនៃអ៊ុយក្រែន។ ទន្ទឹមនឹងនេះ ការលើកឡើងរបស់លោក ត្រាំ ហាក់ដូចជាផ្ទុយស្រឡះពីជំហរដែលលោក ហ្សេលេនស្គី ធ្លាប់បានបង្ហាញទាក់ទងនឹងអនាគតនៃតំបន់គ្រីមៀ។
នៅក្នុងឱកាសនោះដែរ លោក ត្រាំ ក៏បានសម្តែងការសោកស្តាយចំពោះការបន្តវាយប្រហាររបស់រុស្ស៊ីមកលើអ៊ុយក្រែន ហើយបានបញ្ជាក់ថាជំនួបផ្ទាល់រវាងលោក និងលោក ហ្សេលេនស្គី នៅឯបុរីវ៉ាទីកង់ កាលពីចុងសប្តាហ៍មុន បានប្រព្រឹត្តទៅដោយរលូនល្អ។ ទោះជាយ៉ាងណាក៏ដោយ ប្រមុខការទូតអាមេរិក លោក Marco Rubio បានសង្កត់ធ្ងន់ថា រដ្ឋបាលលោក ត្រាំ អាចនឹងដកខ្លួនចេញពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសន្តិភាព ប្រសិនបើការចរចាដែលកំពុងដំណើរការមិនមានសញ្ញានៃការរីកចម្រើន។

