ភាពតានតឹងកើនឡើង៖ ឥណ្ឌា និងប៉ាគីស្ថានបន្តបាញ់ប្រហារគ្នា ក្រោយការវាយប្រហារនៅ Kashmir
អន្តរជាតិ

ភាពតានតឹងកើនឡើង៖ ឥណ្ឌា និងប៉ាគីស្ថានបន្តបាញ់ប្រហារគ្នា ក្រោយការវាយប្រហារនៅ Kashmir

ញូវដេលី៖ យោធាឥណ្ឌា និងប៉ាគីស្ថាន បានបន្តការបាញ់ប្រហារតបតគ្នាទៅវិញទៅមក ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំង។ ទំនាក់ទំនងរវាងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានការវាយប្រហារលើក្រុមអ្នកទេសចរ ដែលបានបណ្តាលឱ្យមនុស្ស ២៦ នាក់ស្លាប់នៅផ្នែកនៃតំបន់ Kashmir ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌា។ ឥណ្ឌាបានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធប៉ាគីស្ថានថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ ទី ២៦ ខែមេសា ឆ្នាំ ២០២៥។

យោធាឥណ្ឌាបានបញ្ជាក់ថា កងទ័ពរបស់ខ្លួនបានធ្វើការបាញ់តបតទៅលើការបាញ់ប្រហារដែលបានមកពីទីតាំងយោធាប៉ាគីស្ថានមួយចំនួន ដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ នៅតាមបណ្តោយព្រំដែនប្រវែង ៧៤០ គីឡូម៉ែត្រ ដែលជាខ្សែបន្ទាត់បែងចែកផ្នែកនៃតំបន់ Kashmir រវាងឥណ្ឌា និងប៉ាគីស្ថាន។ យោធាឥណ្ឌាក៏បានបន្ថែមទៀតថា កងទ័ពប៉ាគីស្ថានក៏បានបាញ់ប្រហារមកលើទីតាំងរបស់ពួកគេផងដែរ កាលពីយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ។ យោងតាមយោធាឥណ្ឌា មិនមានទាហានឥណ្ឌារងរបួស ឬបាត់បង់ជីវិតណាមួយឡើយ ក្នុងអំឡុងពេលនៃការបាញ់ប្រហារគ្នាទៅវិញទៅមកនេះ។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបណាមួយពីខាងយោធាប៉ាគីស្ថាននៅឡើយទេ។

ឥណ្ឌាបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងចំនួន ៣ នាក់ ដែលក្នុងនោះមានជនជាតិប៉ាគីស្ថាន ២ នាក់ ដែលបានប្រព្រឹត្តអំពើវាយប្រហារកាលពីថ្ងៃទី ២២ ខែមេសា។ ប៉ាគីស្ថានបានចេញមុខបដិសេធការជាប់ពាក់ព័ន្ធណាមួយ ហើយរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានបានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិលើករណីវាយប្រហារនេះ។ ក្រោយការវាយប្រហារ ឥណ្ឌា និងប៉ាគីស្ថានបានចាត់វិធានការផ្សេងៗ ដើម្បីឆ្លើយតបគ្នាទៅវិញទៅមក រួមមានប៉ាគីស្ថានបានបិទដែនអាកាសរបស់ខ្លួនសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ហើយឥណ្ឌាបានផ្អាកកិច្ចព្រមព្រៀងស្តីពីការចែករំលែកទឹកទន្លេ។ កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ខ្ពស់បំផុត ដើម្បីធានាថាមិនឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ និងដោះស្រាយបញ្ហាដោយសន្តិវិធី។