ឧត្ដមសេនីយ៍រុស្ស៊ីម្នាក់ស្លាប់ដោយសារការផ្ទុះគ្រាប់បែក មុនជំនួបរវាង ពូទីន និងបេសកជនរបស់ ត្រាំ
អន្តរជាតិ

ឧត្ដមសេនីយ៍រុស្ស៊ីម្នាក់ស្លាប់ដោយសារការផ្ទុះគ្រាប់បែក មុនជំនួបរវាង ពូទីន និងបេសកជនរបស់ ត្រាំ

(ទីក្រុងម៉ូស្គូ)៖ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយឧត្ដមសេនីយ៍យោធារុស្ស៊ីម្នាក់បានបាត់បង់ជីវិតដោយសារការផ្ទុះគ្រាប់បែកនៅក្បែរទីក្រុងមូស្គូ នាពេលថ្មីៗនេះ។ ឧប្បត្តិហេតុនេះកើតឡើងចំពេលដែលគេរំពឹងថានឹងមានជំនួបពិសេសរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងលោក ស្ទីវ វីតខូស (Steve Wittkoss) ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ អាជ្ញាធររុស្ស៊ីបានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះថា គឺឧត្ដមសេនីយ៍ យ៉ារូស្លាវ ម៉ូស្កាលីច (Yaroslav Moskalik) ដែលជាមេបញ្ជាការរងនៃអគ្គសេនាធិការដ្ឋានកងទ័ពរុស្ស៊ី។

លក្ខណៈនៃការផ្ទុះគ្រាប់បែកដែលត្រូវបានគេដាក់ក្នុងរថយន្តលើកនេះ ហាក់ដូចជាស្រដៀងនឹងករណីផ្ទុះពីមុនៗ។ ទោះបីជាមិនមានការបញ្ជាក់ជាផ្លូវការក៏ដោយ ប៉ុន្តែគេរំពឹងថា អ៊ុយក្រែននឹងចេញមុខអះអាងថាជាអ្នកនៅពីក្រោយហេតុការណ៍នេះ។ ការធ្វើឃាតនេះអាចនឹងបង្កជាឧបសគ្គដល់ផែនការជំនួបរវាងលោក ពូទីន និងលោក ស្ទីវ វីតខូស។ ថ្មីៗនេះ លោក ត្រាំ បានណែនាំលោក ពូទីន ឱ្យបញ្ឈប់ការវាយប្រហារលើទីក្រុងកៀវ។ ទោះជាយ៉ាងណាក៏ដោយ សំណួរចោទសួរថា តើលោក ពូទីន នឹងយកចិត្តទុកដាក់ចំពោះការណែនាំរបស់លោក ត្រាំ ដែរឬទេ នៅពេលដែលមេដឹកនាំយោធាជាន់ខ្ពស់របស់លោកត្រូវបានសម្លាប់បែបនេះ?

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានរកឃើញថា ករណីនេះបណ្ដាលមកពីគ្រឿងផ្ទុះដែលត្រូវបានគេដំឡើងទុកជាមុន។ បណ្ដាញតេឡេក្រាម Baza ដែលមានទំនាក់ទំនងជាមួយអាជ្ញាធររុស្ស៊ីបានរាយការណ៍ថា គ្រាប់បែកត្រូវបានគេដាក់នៅក្នុងរថយន្តដែលចតស្ងៀមនៅទីក្រុង Balashikha។ នៅពេលដែលមន្ត្រីយោធាដែលរស់នៅក្បែរនោះធ្វើដំណើរឆ្លងកាត់រថយន្តនោះ គេបានបញ្ជាពីចម្ងាយឱ្យគ្រាប់បែកផ្ទុះឡើងភ្លាមៗ។ វីដេអូឃ្លីបមួយដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមរុស្ស៊ីបានបង្ហាញពីសម្លេងផ្ទុះដ៏ខ្លាំង។ រូបថតមួយចំនួនទៀតបានបង្ហាញពីរូបភាពរថយន្តដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ។

រហូតមកដល់ពេលនេះ អ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ។ ប្រសិនបើការផ្ទុះគ្រាប់បែកលើកចុងក្រោយនេះពិតជាស្នាដៃរបស់អ៊ុយក្រែនមែន នោះវាអាចនឹងបង្កឱ្យមានភាពតានតឹងកើនឡើង និងអាចផ្ទុយពីគោលបំណងរបស់លោក ត្រាំ ដែលកំពុងរង់ចាំដោយអន្ទះសារចង់ឃើញដំណើរការចរចារីកចម្រើន មុនពេលគម្រប់ខួប ១០០ ថ្ងៃនៃការឡើងកាន់អំណាចរបស់លោកនៅសប្តាហ៍ក្រោយ។

ទោះបីជាលោក ពូទីន បានបដិសេធសំណើបទឈប់បាញ់ម្តងហើយម្តងទៀត និងបន្តការវាយប្រហារលើអ៊ុយក្រែនដោយមីស៊ីល និងយន្តហោះដ្រូនជារៀងរាល់ថ្ងៃក៏ដោយ លោក ត្រាំ មិនបានរិះគន់រុស្ស៊ីចំពោះសកម្មភាពទាំងនោះទេ។ លោកច្រើនតែរិះគន់លោក ហ្សេឡិនស្គី ថាជាអ្នកដែលរារាំងដំណើរការចរចា។ ទើបតែពេលយប់ប៉ុណ្ណោះដែលលោក ត្រាំ បានរិះគន់លោក ពូទីន ថាមិនគួរវាយប្រហារទីក្រុងកៀវទៀតទេ ព្រោះវាមិនផ្តល់ផលប្រយោជន៍អ្វីដល់រុស្ស៊ីនោះទេ។

ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងក្នុងឆ្នាំ ២០២២ រហូតមកដល់ពេលនេះ មេបញ្ជាការកងទ័ពរុស្ស៊ីជាច្រើននាក់ ទាំងថ្នាក់វរសេនីយ៍ និងឧត្ដមសេនីយ៍បានស្លាប់ក្រោមស្នាដៃរបស់អ៊ុយក្រែន។ មេដឹកនាំយោធារុស្ស៊ីខ្លះបានស្លាប់ក្នុងពេលបំពេញបេសកកម្មនៅលើសមរភូមិ និងខ្លះទៀតបានស្លាប់ដោយសារការផ្ទុះគ្រាប់បែកដែលត្រូវបានគេដាក់ក្នុងរថយន្ត។ អ៊ុយក្រែនបានចោទប្រកាន់អ្នកដែលស្លាប់ទាំងនោះថាជាឧក្រិដ្ឋជនសង្គ្រាម។ ខាងលើនេះគឺជាការដកស្រង់ព័ត៌មានពីកាសែត The Guardian។